ប្រធានរដ្ឋសភា៖ ភាពធន់ជាតិ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ សាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិ ឱ្យមានភាពល្អប្រសើរឡើងដោយឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។ សម្តេចបានលើកឡើងបែបនេះ ក្នុងឱកាសដែល ស្ថាប័ននីតិប្បញ្ញត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) បានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ជាមួយក្រសួងស្ថាប័នមួយចំនួន លើប្រធានបទស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាព នៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កម្ពុជា» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ ពិធីបើកសិក្ខាសាលានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជាង៣០០នាក់ បានចូលរួមផ្ទាល់និងចូលរួមតាមអនឡាញជាច្រើនទៀត។ ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាព និងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងមានទស្សនវិស័យ ជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។ នេះបើតាមការបញ្ជាក់របស់ សម្តេចរដ្ឋសភាធិបតី។ សម្តេចរដ្ឋសភាធិបតី បានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍដោយចីរភាព និងបរិយាបន្ន៕









