ផ្ទះទេវតាទី៣៣៦ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាក នៅខេត្តតាកែវ

admin By admin July 13, 2026

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូន
លោក ជឹម សុជាតិ អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាបុរសពោះម៉ាយដោយប្រពន្ធបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ដោយ បន្សល់ទុកនូវកូនកំព្រាតូចៗចំនួន៦នាក់ (ប្រុស២, ស្រី៤, កូនច្បងបានបួសជាព្រះសង្ឃ)។

សូមរម្លឹកថា កាលពីឆ្នាំមុន ប្តីប្រពន្ធពីរនាក់បានជិះម៉ូតូដឹកគ្នាទៅស៊ីឈ្នួលបេះផ្លែស្វាយឱ្យគេ បានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ដោយបុកគោហើយដួលម៉ូតូ ស្របពេលដែលមានទ្បានមួយគ្រឿងបើកបរតាមបណ្តោយផ្លូវ ដូចគ្នាក៏បានកិនស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗ។ ចំណែកបុរសជាប្តីបានបាក់ឆ្អឹងស្មា តែបានរួចផុតពីសេចក្តីស្លាប់។ សព្វថ្ងៃគាត់មិនមានផ្ទះនៅទេ ផ្ទះដែលរស់នៅសព្វថ្ងៃជាផ្ទះរបស់បងប្អូនឱ្យនៅបណ្ដោះអាសន្ន និងគ្មានទ្រព្យសម្បត្តិអ្វីជាទីពឹងនោះឡើយ។

ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះលោកយាយលោកតាដែលបានចូលរួមទាំងអស់នៅថ្ងៃនេះ ដែលជានិច្ចកាលលោកទាំង៤ តែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកជំទាវ ក៏បានផ្តល់នូវប្រព័ន្ធភ្លើងសូឡានៅមុខផ្ទះ និងក្នុងផ្ទះជូនដល់ម្ចាស់ផ្ទះទៀតផង។ លោកជំទាវក៏បាននាំយកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមមួយចំនួនទៀតផងដែរ រួមមាន ៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស, ពូក១, ប្រេងកូឡា១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែកឆា១, វែកបាយ១, វែកសម្ល១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម,ខ្នើយចំនួន២,មុងចំនួន២,ភួយចំនួន២,កន្ទេលចំនួន២,ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ,វិទ្យុ FM១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូ,ថ្នាំនិងច្រាសដុសធ្មេញចំនួន៥ឈុត,សាប៊ូដុំចំនួន១២ដុំតូច,ថ្នាំពេទ្យចំនួន៥ប្រអប់តូច,ខោអាវចំនួន២កំប្លេរ និងថវិកាចំនួន ១លានរៀល ព្រមទាំងអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាឃីត (កញ្ចប់ៗ) មានជាសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និងថវិកា ចែកជូនលោកយាយ លោកតាដែលបានចូលរួមនាឱកាសនោះ និងចែករទេះរុញសម្រាប់ពលរដ្ឋពិការម្នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *